ចំណេះ​ដឹង​ទូទៅ / បទ​វិភាគ​ទុំទាវ / អក្សរសាស្រ្ត-អក្សរសិល្ប៍

បទវិភាគ​ទុំទាវ៖ តើ​រឿង​ទុំទាវ​មានប្រភព​មកពីណា?​

Tum Teav - when

ប្រភព​រឿង​

នៅ​ក្នុង​អារម្ភបទ​រឿង​ទុំទាវ ភិក្ខុ​សោម​សរសេរ​ថា៖

«នេះ​នឹង​ថ្លា​ថ្លែង​តែង​ចារចង ល្បើង​ល្បងល្បែងល្បាយ​កាយ​កាព្យា​ តាំង​តែ​ពី​ដំណាល​កាល​មុន​ជា និទាន​យូរយារ​ឃ្លា​ឃ្លាត​ឆ្ងាយ។ មិនទៀង​​ល្អៀង​ល្អក់​ឃ្លា​ឃ្លាត​ សង្វាត​ផ្ទៀង​ផ្ទាត់​បទ​បរិយាយ យើង​កែ​ជា​ថ្មី​ដែនដី​អាយ ស្រង់​ស្រាយ​ត​ទុក​ទៅ​មុខ​ទៀត។​»

​សេចក្តី​នេះ​មានន័យ​ថា ភិក្ខុ​សោម​​មិន​មែន​ជា​អ្នក​តែង​រឿងទុំទាវ​​ទាំង​ស្រុង​ដោយ​ខ្លួន​ឯង​ទេ។ ​តាម​ពិត​រឿង​នេះ​មាន​ដំណាល​តៗ​គ្នា​ តាម​បែប​ជា​រឿង​ព្រេង​ តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។ ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ព្រះរាជ​ពង្សាវតារ​ខ្មែរ តាម​សាស្ត្រា​ស្លឹក​រឹត​ លោក​ អេង សុត បាន​រក​ឃើញ​ថា រឿង​នេះ​កើត​នៅ​ក្នុង​រាជ្យ​ព្រះ​បរមិន្ទ​រាជា​ ដែល​មាន​រាជ​ធានី​នៅ​លង្វែក​ ហើយ​សោយ​រាជ្យ​ពី​ឆ្នាំ​១៥៦៨ ដល់​១៥៧៦។ ឯក​សារ​ដដែល​បាន​កត់​ទុក​ថា នៅ​ពេល​ដឹងថា ចាញ់​បោក​ម្តាយ​ហើយ នាង​ទាវ​​ក៏​ធ្វើ​សំបុត្រ​មួយ​ទៅ​ហៅ​ទុំពី​លង្វែក​មក​ ចុះថ្ងៃ​១កើត​ ខែ​ផល្គុន​ ឆ្នាំ​មមែ​ ត្រី​ស័ក​ ព.ស.​២១១៥ ត្រូវ​នឹង​គ.ស.​១៥៧២។ ត្រង់​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ រឿង​អាច​មាន​ដំណាល​តាំង​ពី​សម័យ​លង្វែក​មក ប៉ុន្តែ​ទាល់​តែ​ពេលក្រោយ​​ឆ្ងាយ​មកទៀត ទើប​មាន​អ្នក​សរសេរ​ទុក​លើ​សាស្ត្រាស្លឹក​រឹត​។ នៅ​ឆ្នាំ​១៨៥៧ ឧកញ៉ាំ​សន្ធរវោហារម៉ុក​បាន​ចារ​ជា​កាព្យ​ពាក្យ​៧ ប្រកប​ដោយ​សិល្ប៍និពន្ធ​យ៉ាង​ល្អ​ គួរ​ឲ្យ​ចាប់អារម្មណ៍​ ព្រោះ​លោក​ចេះ​រើស​ពាក្យ​ដែល​មាន​ន័យ​ចំ និង​ត្រឹម​ត្រូវ​ ដូចនេះហើយ​បាន​ជា​រឿង​របស់​លោកមានទំហំខ្លី ប៉ុន្តែ​មាន​ន័យ​គ្រប់គ្រាន់ ទស្សនៈ​​វណ្ណៈ​ និង​ប្រជាជនច្បាស់លាស់​ ដែល​នាំ​ឲ្យ​​លោក​បង្ហាញ់​លក្ខណៈតួ​បាន​ជាក់លាក់​ និង​រូបី។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ ព្រោះ​រឿងទុំ​ទាវ​ស្នាដៃ​ឧកញ៉ាំ​សន្ធរម៉ុក​ បាន​ត្រូវ​បាត់​ផ្នែក​ខាង​ចុង​​ រក​មិនឃើញ​តាំង​ពីមុន​ឆ្នាំ​១៩៧០​មក​ម៉្លេះ គឺ​បាត់​ត្រង់​វគ្គ «ព្រះ​បាទរាមា​ដាក់​ទោស​លើ​អរជូន»។ បន្ទាប់​មកទៀត ភិក្ខុ​សោម​ក៏​លើក​យក​រឿង​នេះ មក​សរសេរ​ឡើង​វិញ នៅ​ឆ្នាំ​១៩១៥។ ដូច​សេចក្តី​ក្នុង​អារម្ភកថា​បាន​បញ្ជាក់​ស្រាប់ ហើយ​នៅ​ឆ្នាំ​១៩៤២ ឧកញ៉ា​នូកន​ ក៏​សរសេរ​បាន​មួយ​បែប​ទៀត ដោយ​ដាក់​ចំណង​ជើង​ថា «ទាវ​ឯង»។​

​តាម​ការ​ស្រាវ​ជ្រាវ​ ផ្ទឹ​ម​ស្នាដៃ​សន្ធរ​វោហារ​ម៉ុក និងភិក្ខុ​សោម​ យើង​ឃើញ​ថា ភិក្ខុ​សោម​មិន​មែន​សរសេរ​រឿង​នេះ​ឡើង ដោយ​យករឿង​ដំណាល​ជា​គោល​ទេ តែ​លោក​បែរ​ជា​និពន្ធ​ ដោយ​ឈាន​ចេញពី​ស្នាដៃ​របស់​សន្ធរ​ម៉ុក​ទៅ​វិញ​ ពី​ព្រោះ​ក្នុង​ស្នាដៃ​របស់​លោក​ មាន​សេចក្តី​មួយ​ចំនួន​ធំ​ដូច​គ្នា​បេះ​បិទ​ ទាំងន័យ​ ទាំង​ពាក្យ​ពេចន៍​ ទៅ​នឹង​អត្ថបទ​របស់សន្ធរម៉ុក។ ឧទាហរណ៍​៖ វគ្គ​ឆ្លើយ​ឆ្លង​គ្នា​រវាង​ទុំ និង​ទាវ។ ហើយក្នុង​ឃ្លា​​មួយ​ចំនួន​ធំ មាន​ខុស​ពាក្យ​គ្នា​តែ​មួយ​ ឬ​ពីរ​ម៉ាត់៖​

ភិក្ខុសោម​

កាល​នោះល្បី​ឈ្មោះ​បណ្ឌិត​ទុំ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ប្រុះ​ប្រាជ្ញ​ប្រាយ​ ចេះច្រៀង​ឆ្លាស់​រឿង​សុះ​សព្វសាយ ក្នុង​ដែនដី​អាយ​ប្រៀប​ពុំបាន។ មួយ​ទៀត​នាម​ឈ្មោះ​បណ្ឌិត​ពេជ្រ ជា​ស្រេច​ចេះ​ភ្លេង​ល្បែង​ប៉ុន្មាន ឮ​ល្បី​ឈ្មោះ​អ្នកទាំង​ពីរប្រាណ​ ក្សត្រ​ក្សាន្ត​ទ្រង់​មាន​រាជបញ្ជា។​

សន្ធរម៉ុក

កាលនោះ​ល្បីឈ្មោះ​ថា​ម៉ឺន​ទុំ នៅ​ខេត្តត្បូង​ឃ្មុំ​ប្រុះ​ប្រាជ្ញ​ប្រាយ​ ចេះ​ច្រៀង​ដឹង​រឿង​រ៉ាវ​ផង​ទាំង​ឡាយ​ ក្នុង​ដែនដី​អាយ​ប្រៀប​ពុំបាន។ មានឈ្មោះ​ពេជ្រ​ក៏​យ៉ាង​ឯង​ តែប៉ែក​ខាង​ភ្លេង​ពន់ប្រមាណ​ ល្បី​ឈ្មោះ​សាយ​សុះ​ទាំង​ពីរ​ប្រាណ ក្សត្រក្សាន្ត​សេ្តច​មាន​រាជ​ឱង្ការ។​

តែ​ក៏មាន​វគ្គ​​ខ្លះ​កាត់​ចោល ហើយ​បន្ថែម​ថ្មី​ទៀត​ជា​ច្រើន ដែល​នាំឲ្យ​យើង​ឃើញ​ថា ភិក្ខុ​សោម​មានទស្សនៈ​ខ្លះ​ជ្រលិះ​ ឬខុស​គ្នា​ស្រឡះ​ពី​សន្ធរ​ម៉ុក។

នៅមាន​បញ្ហា​មួយ​ដែល​យើង​គួរ​ពិចារណា​បញ្ជាក់បន្ថែម។ ក្នុង​ដំណើររឿង​ទុំទាវ​ អ្នក​និពន្ធ​បាន​បញ្ជាក់​ច្បាស់​ថា ស្តេច​​សោយ​រាជ្យ​នៅ​សម័យ​កើត​ឡើង​នោះ មាន​នាម​ថា​ព្រះ​រាមា​ជើង​ព្រៃ​ តាំង​រាជ​ធានី​នៅ​លង្វែក​។ តាម​ពិត​ឯកសារ​ប្រវត្តិសាស្ត្រ​នានា បាន​ឲ្យ​ដឹង​ថា ព្រះ​បាទ​រាមា​ជើង​ព្រៃ​មិន​មាន​រាជធានី​នៅ​លង្វែក​ទេ។ ព្រះ​អង្គ​តាំង​រាជធានី​នៅ​ស្រី​សន្ធរ​ ហើយ​សោយ​រាជ្យ​បាន​តែ​បី​ឆ្នាំ​ គឺពី​ឆ្នាំ​១៥៩៤ ដល់​១៥៩៦។ ក្នុង​ពេល​៣ឆ្នាំ​នេះ ពីរ​ឆ្នាំ​ដំបូង​ជាសម័យ​វឹក​វរ​ ជ្រួល​ច្របល់​ជា​ខ្លាំង​ ព្រោះ​ព្រះអង្គត្រូវ​ដើរ​កេណ្ឌពល​នៅ​តាម​ខេត្ត​នានា​ ដើម្បី​ដេញ​ទ័ព​សៀម ដែល​កាន់កាប់​រាជធានីបន្ទាយ​លង្វែក។ ពេលដេញ​កំចាត់​ទ័ព​សៀម​ពី​បន្ទាយ​លង្វែក​បាន​ហើយ(១៥៩៥) រាជ្យ​ស្តេចអង្គ​នេះ បាន​ស្គាល់​សន្តិភាព​តែ​មួយ​ឆ្នាំ​គត់ ដោយ​នៅ​ឆ្នាំ​១៥៩៦​ ស្តេច​ក៏​ត្រូវ​​ជនជាត​ព័រទុគេ (ឈ្មោះ ​ឌីយេគោ​បេឡាសូ) និង​អេស្ប៉ាញ៉ុល (ឈ្មោះ ​ប្លាស់​រីស) ធ្វើ​គុត​ដោយ​គ្រាប់​កាំភ្លើង ក្នុង​ពេល​ប្រយុទ្ធ​នារាត្រី​មួយ។

​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នេះ ស្តេច​ពុំ​អាច​មានឱកាស​ចូល​ប្រលូក​ក្នុង​ព្រឹត្តិការណ៍​ទុំទាវ​បាន​ទេ។ ម៉្យាង​ទៀត លក្ខណៈ​ព្រះ​បាទ​រាមា​ជើងព្រៃ ក្នុង​ប្រវត្តិសាស្ត្រ​ ក៏​ខុសពី​លក្ខណៈ​តួ​អង្គ​ក្នុង​រឿង​ដែរ ព្រោះ​ក្នុង​តថភាព​ ព្រះ​បាទរាមា​ជើង​ព្រៃ​ ពុំ​មែន​ជា​អ្នក​គោរព​ ហើយ​ចេះ​លះ​បង់​តាម​ការ​ទូន្មាន​ប្រៀន​ប្រដៅ​​នៃ​ពុទ្ធោវាទ​ ដូច​តួអង្គ​ស្តេច​ក្នុង​រឿង​ទេ។ ដូចនេះ យើងយល់​ថា រឿង​និទាន​ទុំទាវ​ប្រហែល​កើត​ឡើង​មុន​រាជ​ព្រះ​រាមា​ជើង​ព្រៃ ដូច​ព្រះ​រាជ​ពង្សាវតារ​សាស្ត្រា​ស្លឹក​រឹត​បាន​កត់​ទុក​នោះពិត​មែន។ បើ​តាម​ដំណើរ​នេះ ពិត​ជា​សម​ស្រប​តាម​ទី​កន្លែង(លង្វែក) ហើយ​លក្ខណៈ​តួ​ព្រះ​រាជា​អាច​ចុះ​សម្រុង​គ្នាបាន។ ស្តេច​ក្នុង​រឿង​ទុំទាវ​ ហាក់​ដូច​ជាតួ​អង្គបន្ទាប់​បន្សំ​ ប៉ុន្តែតាម​ពិត​​លក្ខណៈ​តួ​អង្គនេះ សំខាន់​ណាស់​ ព្រោះ​ថា​សេចក្តី​សម្រេចចិត្ត​របស់​តួ​អង្គនេះ មាន​ឥទ្ធិពល​អាច​បង្វែរ​ទិស​ដំណើរ​រឿង​ទាំងមូល​បាន៕​

_____________________

ប្រភព៖ អត្ថបទនេះ​ដកស្រង់ពី​សៀវភៅ «បទអត្ថាធិប្បាយ​រឿង ទុំ ទាវ» បោះពុម្ពផ្សាយ​ដោយ គ្រឹះស្ថាន​បោះពុម្ពផ្សាយ​ អប់រំ ក្នុង​សម័យ​រដ្ឋកម្ពុជា ឆ្នាំ១៩៨៩។ អ្នកនិពន្ធ៖ សមមិត្តនារី យិន វ៉ាន់ថា។ អ្នករៀបរៀង៖ សមមិត្ត លី សុមុនី និង​សមមិត្ត ប្រាក់ ព្រុំ។ អ្នក​រចនា​ក្រប៖ សមមិត្ត ប៉ាន់ ត្រា។​ (អរគុណ​ចាប​តូច​ដែលបាន​ប្រាប់​អំពី​ប្រភព​សៀវភៅ​)​

 

អាន​ផងដែរ៖

·       បទ​វិភាគ​ទុំទាវ៖ សេចក្តី​ផ្តើម​

·       បទ​វិភាគ​ទុំទាវ៖ តើភិក្ខុសោម​ជានរណា?

·       បទ​វិភាគ​ទុំទាវ៖ ចំនុច​ខុស​គ្នា​ខ្លះៗ​ រវាង​រឿង​ទុំទាវ សន្ធរ​ម៉ុក និង​ភិក្ខុ​សោម​

·       ភិក្ខុសោម​

·       ការផ្លាស់ប្តូរផ្នែកសង្គម និងភាសា៖ សិក្សាលើវណ្ណកម្មអតមៈរឿង ទុំទាវ

Advertisements

2 thoughts on “បទវិភាគ​ទុំទាវ៖ តើ​រឿង​ទុំទាវ​មានប្រភព​មកពីណា?​

  1. ร้อยไหม ศัลยกรรมร้อยไหมใบหน้าเรียว ยกกระชับ
    เสริมจมูก ต้อง ชญาคลินิค คลินิกผิวพรรณ ความงาม ร้อยไหมปรับรูปหน้า
    ร้อยไหม V SHAP / ผิวขาวใสด้วยทรีตเมนท์

    ចូលចិត្ត

  2. លោក លោកស្រីអាចជាវ សៀវភៅ”វិភាគអក្សរសិល្ប៍ រឿង ទុំទាវ” ដោយលោក អ៊ុក សាម៉ន។ នោះលោក លោកស្រី អ្នកសិក្សាស្រាវជ្រាវនឹងជ្រាបច្បាស់ពីរឿងនេះបន្ថែមទៀត។

    ចូលចិត្ត

បញ្ចេញ​មតិ​

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s