អក្សរសាស្រ្ត-អក្សរសិល្ប៍

តថភាព និ​ង​ឥទ្ធិពល​​របស់​រឿងទុំ​ទាវ​

រឿង “ទុំ​ទាវ” គឺ​ជា​រឿង​បុរាណ​ខ្មែរ​ទី​មួយ ដែល​មាន​តថភាព​ច្រើន ជា​​សាស្ត្រា​ល្បែង​នានា នៅ​សម័យ​មុន ឬ​នៅ​សម័យ​ស្រករ​ស្របាល​គ្នា​។ តថភាព​នេះ​ បាន​បង្កើត​ឲ្យ​មាន​នវភាព​មួយ ដែល​ធ្វើ​ឲ្យ​​រឿង​​ “ទុំ​ទាវ​” មាន​ប្រជាប្រិយ​ភាព​ជា​ខ្លាំង​ ក្នុង​សំណាក់​មិត្ត​អ្នក​អាន និង​អ្នក​ស្តាប់​រឿង​និទាន​នេះ​។ យើង​អាច​ពន្យល់​មូល​ហេតុ​នៃ​បំរែ​បំរួល​ថ្មី​ក្នុង​ការ​និពន្ធ​រឿង​នេះ​ ដូច​តទៅ៖​

ក. សាច់​រឿង​

រឿង​មួយ​ចំនួន​ ច្រើន​មាន​ប្រភព​ចេញ​មក​ពី​គម្ពីរ​បញ្ញា​សជាតក​។ ទំនោរ​យក​រឿង​​ ក្នុង​ជា​តក​មក​និពន្ធ​នេះ បង្ហាញ​ច្បាស់​ពី​បំណង​ចង់​ផ្សព្វ​ផ្សាយ​ពី​ទ្រឹស្តី​សាសនា​ផង​ និង​បញ្ជាក់​ពី​​ឥទ្ធិពល​​របស់​សាសនា​​ មក​លើ​​សតិ​អារម្មណ៍​ប្រជាជន​ខ្មែរ​ផង​។ មួយ​វិញ​ទៀត សិល្ប៍​​និពន្ធ​នៃ​សាស្ត្រា​ល្បែង​ទាំង​នោះ ក៏​អាច​បក​ស្រាយ​ពី​ជីវភាពស្មារតី​របស់​ប្រជា​ជន​ផង​ដែរ​។ មាន​ន័យ​ថា ចាប់​តាំង​ពី​ប្រទេស​ចុះ​​ឱន​ថយ​មក ជីវភាព​ប្រជាជន​ក៏​លែង​មាន​លំនឹង​។ សង្គ្រាម​ ការ​ព្រាត់​ប្រាស និង​ទុរ្ភិក្ស​ក្នុង​រយៈពេល​ដ៏​វែង ធ្វើ​ឲ្យ​គេ​ឆ្អែត​ឆ្អន់​​នឹង​ការ​លំបាក​​ វេទនា និង​ទុក្ខសោក​។ បំណង​ប្រាថ្នា​ ចង់​រស់​នៅ​ក្នុង​សង្គម​មួយ​​ដ៏​សុខ​ដុម​រមនា​ មិន​អាច​សម្រេច​បាន​ក្នុង​តថភាព​។ ដូចនេះ​ហើយ​​បាន​ជា ការ​ស្រមៃ​របស់​គេ ចាំ​បាច់​ត្រូវ​យក​ទៅ​បក​ស្រាយ​ ក្នុង​អក្សរសិល្ប៍​ទៅ​វិញ​ ​ដើម្បី​បំពេ​អារម្មណ៍​ និង​សម្រាល​បន្ធូរ​ភាព​គ្រោត​គ្រាត​ និង​​ជូរចត់​​ក្នុង​ជីវិត​ជាក់​ស្តែង​។ ដោយ​ហេតុ​នេះហើយ បាន​​ជា សាស្រ្តា​ល្បែង​ ក្នុង​សម័យ​ក្រោយ​អង្គរ​រៀង​មកដល់​សម័យ​អាណានិគម​ មិន​ព្រម​លើក​ឡើង​ពី​ជីវភាព​សង្គម​ ពីជីវិត​ពិតរបស់​ប្រជាជន​សោះ តែ​បែរ​ជា​បង្ហាញ​ពី​ជីវិត​ដ៏​រុង​រឿង​ និង​សម្បូរ​សប្បាយ​​របស់​ត្រកូល​​ស្តេច​ទៅ​វិញ​។ ឬ​បើ​ពុំ​ដូច្នោះ​ទេ កាល​ណា​គេ​បង្ហាញ​ពី​ការ​លំបាក​​វេទនា​ដ៏​ហួស​និស្ស័យ​ រួច​ហើយទី​បំផុត​អ្នក​ដែល​ទទួល​ទុក្ខ​ទោស ដោយសារ​អយុត្តិធម៌​ទាំង​ប៉ុន្មាន​ តែង​បាន​វិល​មក​សោយ​សុខ​ សុភមង្គល​បរិបូរ​វិញ​ជា​និច្ច​។​

ឧទាហរណ៍​៖

  • ក្រុង​សុភ​មិត្រ ខ្ចាត់​ព្រាត់​រសាត់​អណ្តែត ព្រាត់​មហេសី ព្រាត់​បុត្រ​ បន្ទាប់​ពី​បាត់​បង់​​នគរ​ និង​រាជ​បល្ល័ង្គ​ នៅ​ទី​បញ្ចប់​ ក៏​បាន​មក​ជួប​ជុំ​គ្នា​វិញ ហើយ​បាន​ទាំង​នគរ​មួយ​ផ្សេង​ទៀត មក​គ្រប់​គ្រង​ថែម​ទៀត​។​
  • នាង​មរណ​មាតា​ បាន​ស្លាប់​ហើយ រស់​ឡើង​វិញ ស្ទើរ​តែ​ដប់​ដង​ទៅ​ហើយ ដើម្បី​បាន​វិល​មក​ធ្វើ​ជា​អគ្គ​មហេសី​របស់​ស្តេច​វិញ​ មុន​នឹង​រឿង​ត្រូវ​បាន​បញ្ចប់​។​

ប៉ុន្តែ​សេចក្តី​ត្រូវ​ការ​​របស់​មនុស្ស ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ តែង​តែ​ប្តូរ​គុណភាព​ ហើយ​ដំណាក់​កាល​មួយ​ថ្មី​ ក៏​បាន​មក​ដល់​ជាមួយ​នឹង​រឿង​​ “ទុំទាវ”។ ការ​លួង​លោម​ចិត្ត​ ដោយ​អក្សរ​សិល្ប៍​ ដែល​បក​ស្រាយ​សំណូម​ពរ​ ដែល​មាន​អាយុ​បួន​សតវត្ស​រ៍​មក​ហើយ​នោះ ក៏​ចាប់​ផ្តើម​ក្លាយ​ជា​ភាព​មិន​គ្រប់​គ្រាន់​ សម្រាប់​​បម្រើ​អារម្មណ៍​ស្មុគ​ស្មាញ​។ ដូចនេះ​ហើយ​បាន​ជា​ នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩ មាន​ទំនោរ​មួយ​ថ្មី​ទៀត​កើត​ឡើង​។ នោះ​ គឺ​ការ​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​ ទៅលើ​អ្វី​ដែល​នៅ​ជិត និង​នៅ​ជុំវិញ​ខ្លួន​គេ​។ អ្នក​និពន្ធ​រឿង​ “ទុំ​ទាវ” បាន​បោះ​បង់​ចោល​ទម្លាប់​ចាស់​ទាំង​នោះ ហើយ​លើក​យក​បញ្ហា​ដែល​ចោទ​ឡើង​ពិតៗ​ ក្នុង​ជីវភាព​សង្គម​មក​ចោទ និង​ដោះ​ស្រាយ​វិញ​ម្តង​។ នេះ​ជា​ជំហាន​ទី​មួយ​ និង​ជា​លក្ខណៈ​ដោយ​ឡែក​មួយ​របស់​អក្សរសិល្ប៍​មជ្ឍិម​យុគ​ខ្មែរ​។

ខ. តួ​អង្គ​

លក្ខណៈ​តួ​អង្គ​ក៏​មាន​កត្តា​ថ្មី​ គួរ​ចាប់​អារម្មណ៍​ដែរ​។ តួ​អង្គ​ឯក​ ក្នុង​សាស្ត្រា​ល្បែង​ភាគ​ច្រើន​ គឺ​ជា​ពោធិ​សត្វ​។ យើង​ដឹង​ពី​ចំនុច​នេះ​ ដោយសារ​នៅ​ទី​បញ្ចប់​នៃ​រឿង​អ្នក​និពន្ធ​ តែង​លើក​យក​ការ​ស​ជាតិ​ យក​មក​អះ​អាង​បញ្ជាក់​ជា​និច្ច​ ហើយ​ទម្លាប់​នេះ ក៏​បាន​ក្លាយ​ទៅ​ជា​លក្ខណៈ​មួយ​ នៃ​រឿង​ប្រភេទ​ចលនា​ពុទ្ធ​និយម​។ តួ​អង្គ​ទាំង​នោះសោត​ ជួន​កាល​ក៏​មាន​រូប​រាង​ជា​មនុស្ស​ តែ​ជា​ញឹក​ញយ​ អ្នក​និពន្ធ​បាន​បង្កើត​​​តួ​អង្គ​មនោគតិ​ជា​ច្រើន​បែប​ទៀត ដូច​ជា​យក្ស ឬ​កុម្ភណ្ឌ វិទ្យា​ធរ គ្រុឌ នាគ កិន្នរ​…ជា​ដើម​។​

ក្នុង​រឿង​បុរាណ​ខ្មែរ​ តួ​អង្គ​តែង​មាន​ពីរ​ប្រភេទ​។ ប្រភេទ​ទី​មួយ គឺ​ជា​តួអង្គ​តំណាង​សភាវៈ​ល្អ។ តួ​អង្គ​ប្រភេទ​នេះ មាន​រហូត​ដល់​ឧត្តរិបុគ្គល​ គឺ​ជន​ដែល​​មាន​លក្ខណៈ​ប្រសើរ​ឧត្តម​​លើស​មនុស្ស​ធម្មតា​។ ឯ​តួអង្គ​ប្រភេទ​ទី​ពីរ​ ដែល​តំណាង​​សភាវៈ​អាក្រក់​ ក៏​មាន​លក្ខណៈ​ជ្រុល​ទៅក្នុង​ផ្លូវ​អាក្រក់​ លើស​មនុស្ស​បុថុជ្ជនៈ​ទូទៅ​ដែរ​។​

អ្នក​និពន្ធ​រឿង​“ទុំទាវ” ក៏​បាន​​បង្ហាញ​តួ​ទាំង​ពីរ​ប្រភេទ​នេះ​ដែរ៖​

  • ព្រះ​បាទ​រាមា​ជើង​ព្រៃ​ ជា​រូបី​កម្ម​នៃ​គុណធម៌​។ ព្រះអង្គ​ជា​ស្តេច​​មាន​ទស​ពិធ​រាជ​ធម៌​ ដែល​ប្រជាជន​ចង់​បាន​។ ក្រៅ​ពី​ព្រះ​រាជា​មួយ​​អង្គ​នេះចេញ តួ​អង្គ​ដទៃ​ទៀត​​ សុទ្ធ​តែ​មាន​កំហុស​។​
  • ទុំ​ ជា​យុវជន​អន្ទះ​អន្ទែង​ តក់​ក្រហល់​ ស៊ី​បាយ​បោក​ឆ្នាំង​…
  • នាង​ទាវ ជា​យុវតី​ព្រហើន គ្មាន​​លក្ខណៈ​​សុភាព​រាប​សា​ មិន​លុះ​ដោយ​ដំបូន្មាន​ឪពុក​ម្តាយ មិន​ដើរ​តាម​ប្រពៃ​ណី​របស់​នារី​ខ្មែរ​…
  • ម្តាយ​នាង​ទាវ ជា​ស្រ្តី​មានះ​ ស្គាល់​តែ​បុណ្យ​សក្តិ​ ទ្រព្យ​សម្បត្តិ​…
  • អរជូន​ បណ្តោយ​ខ្លួន​ឲ្យ​ម្តាយ​នាង​ទាវដឹក​ច្រមុះ​ដូច​គោ​…

ប៉ុន្តែ​ក្នុង​រឿង​“ទុំ​ទាវ” ​តួ​អង្គ​ទាំង​អស់​ សុទ្ធ​តែ​មនុស្ស​ ហើយ​ជា​មនុស្ស​សាមញ្ញ​ ដែល​មាន​ផ្នត់​គំនិត​ជា​ខ្មែរ​។ ទំនាស់​ដែល​អ្នក​និពន្ធ​ចោទ​ឡើង​ ពិត​ជា​បញ្ហា​ចម្បង​មួយ​ ដែល​កើត​ឡើង​​ក្នុង​សង្គម​ខ្មែរ។ នៅ​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​នេះ តួ​អង្គរឿង​“ទុំ​ទាវ” មាន​ទាំង​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​ ហើយ​ប្រើ​លទ្ធភាព​ផ្ទាល់​ខ្លួន​ជានិច្ច។ កត្តា​ទាំង​នេះសំខាន់​ណាស់​ ព្រោះ​ធម្មតា​​លទ្ធភាព​របស់​មនុស្ស​តែង​មាន​ព្រំ​ដែន​។ គឺ​ព្រំដែន​​នេះ​ហើយ ដែល​បង្កើត​នវភាព​ឲ្យ​រឿង​“ទុំ​ទាវ” ព្រោះ​វា​បាន​រុញ​ដំណោះ​ស្រាយ​​របស់​រឿង​ ឲ្យ​ឈាន​ចូល​រហូត​ដល់​ទារុណភាព​។ ចំណែក​នៅ​ក្នុង​សាស្ត្រា​ល្បែង​របស់​ខ្មែរ​យើង​ដទៃ​ទៀត​ គេ​មិន​សូវ​ធ្វើ​ឲ្យ​តួអង្គ​ស្លាប់​ទេ តែ​ប្រសិន​បើ​មាន​ស្លាប់​វិញ​នោះ គឺ​ដោយ​សារ​តែ​ទណ្ឌកម្ម​តែមួយ​ប៉ុណ្ណោះ​។​

គ. ទី​កន្លែង​

សាស្ត្រា​បុរាណ​ តែង​នៅ​មុន​ និង​ក្រោយ​រឿង​“ទុំ​ទាវ​” ច្រើន​បង្ហាញ​ក្រប​ខណ្ឌ​ ដែល​គ្មាន​​ផ្តល់​បញ្ញតិ្ត​អ្វី​បន្តិច​សោះ​ នៅ​ក្នុង​អារម្មណ៍​អ្នក​អាន​ខ្មែរ​។ យើង​មិន​ចាំ​បាច់​និយាយ​ដល់​ឋាន​សួគ៌​ឋាន​កៃ​លាស​ ឋាន​បាតាល ឬ​ឋាន​ភុជង្គ​នាគ​ទេ ដែល​រឿង​បុរាណ​ចូល​ចិត្ត​​លើក​យក​មក​ធ្វើ​ជា​ទីតាំង​ ព្រោះ​ឋាន​ទាំង​នោះ មាន​តែ​នៅ​ក្នុង​មនោគតិ​ប៉ុណ្ណោះ​ តែ​សូម្បី​ឈ្មោះ​ក្រុង​​អាយុធ្យា ក្រុង​មិថិលា ក្រុង​តក្ក​សិលា ​ក្រុង​ពារាណ​សី ក្រុង​រាជ​គ្រឹះ​… ដែល​មាន​ឈ្មោះ​ពិត​ក្នុង​ផែន​ទី​ប្រទេស​ឥណ្ឌា ក៏​មិន​មាន​ន័យ​អ្វី​ លើស​ពី​ឋាន​មនោគតិ ​ដែល​យើង​​រៀប​រាប់​រួច​មក​ហើយ​នោះ​ដែរ​។ ចំណែក​ក្នុង​​រឿង​“ទុំ​ទាវ​” ឈ្មោះ​ទី​​កន្លែង​មាន​បញ្ញត្តិ​​គ្រប់​គ្រាន់ ទាំង​ផ្នែក​ភូមិ​សាស្ត្រ​ ទាំង​ផ្នែក​វប្បធម៌ និង​អរិយធម៌​។ ខ្មែរ​ណា ក៏​ដឹង​ថា​លង្វែក​ ជា​រាជធានី​ធំ​មួយ ក្រោយ​ពេល​ចាក​ចោល​អង្គរ​ដែរ​។ កាល​ណា​និយាយ​ដល់​​ខេត្ត​បាភ្នំ​ ខេត្ត​ត្បូង​ឃ្មុំ គេ​មាន​រូបារម្មណ៍​ពី​តំបន់​នោះ​រួច​ជា​ស្រេច​។​ ទី​កន្លែង​រូបី​ទាំង​នេះ មាន​អនុភាព​ធ្វើ​ឲ្យ​ខ្មែរ​អ្នក​អាន​សាស្រ្តា​ទុំ​ទាវ ចាប់​អារម្មណ៍​​ហាក់​កំពុង​អង្គុយ​ស្តាប់​ ប្រវត្តិ​​រឿង​ពិត​មួយ​របស់​យុវជន​​ពីរ​នាក់​ ដែល​កើត​នៅ​ក្នុង​សម័យ​លង្វែក​ដ៏​យូរ​លង់​នោះ​។ ម៉្យាង​ទៀត វត្ថុ​ធម្មជាតិ​មួយ​ចំនួន​ បាន​ជំរុញ​​ឲ្យ​អ្នក​អាន​រឹត​តែ​បន្ថែម​ទម្ងន់​លើ​ជំនឿ​នេះ​កាន់​តែ​មុត​មាំ ​ឡើង​ទៀត ដូច​​ជា​វត្ត​មាន​​ដើម​ពោធិ៍​ចំណាស់​ច្រើន​សតវត្សរ៍​ និង​ដុំ​ថ្ម​មាន​រាង​ដូច​ក្បាល​កី​ ដែល​ស្ថិត​ក្នុង​ភូមិ​ពោធិ​ជើង​ខាល តាំង​ពី​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន​កាល​នោះ​ជា​ដើម​។ អ្នក​និទាន​រឿង​​“ទុំទាវ​” ​ច្រើន​ពន្យល់​បញ្ជាក់​បន្ថែម​ថា​ គឺ​នៅ​ក្រោម​ដើម​ពោធិ៍​ដ៏​ធំ​ច្រើន​អោប​នោះ​ហើយ​ ដែល​ពួក​អរជូន​យក​ទុំ​ទៅ​សម្លាប់​។ ឯ​កី​នោះ គឺ​ជា​កី​ដែល​នាង​ទាវ​​ តែង​ប្រើ​ត្បាញ​រាល់​ថ្ងៃ​ កាល​នាង​នៅ​រស់​។ សេចក្តី​ពន្យល់​នេះ រឹត​តែ​​ធ្វើ​ឲ្យ​អ្នក​ស្តាប់​​រឿង​កាន់​តែ​ជឿ​ស៊ប់​មែន​ទែន​ ថា​យុវជន​ឈ្មោះ​ទុំ​​ និង​ទាវ​ ពិត​ជា​មានអត្ថិភាព​ ពិត​ប្រាកដ​​ ហើយ​អ្នក​ទាំង​ពីរ​​ពិត​ជា​បាន​ស្លាប់​ តាម​ដំណើរ​ ទំនង​ និង​បែប​ដែល​គេ​បាន​ស្តាប់​ក្នុង​រឿង​នោះ​ពិត​មែន​។ ជួន​កាល​ ជំនឿ​ស្លុង​នេះ ធ្វើ​ឲ្យ​​គេ​ភ្លេច​គិត​ពិចារណ​ ពី​ភាព​សម​ហេតុ​សម​ផល​​ទៀត​ផង​៖ តើ​ឈើ​ប្រភេទ​ណា​​ ដែល​ក្រោយ​ពី​ទទួល​សំណឹក​រាប់​សតវត្សរ៍​មក ហើយ​ស្រាប់​តែ​ក្លាយ​ទៅ​ជា​ដុំ​ថ្ម​ទៅ​វិញ​ដូច្នេះ​? បើ​ពុំ​នោះ​សោត​ទេ គេ​អាច​នឹង​សួរ​ខ្លួន​ឯង​បាន​ដែរ​ថា បើ​ឈើ​ក្លាយ​ទៅ​ជា​ថ្ម​មិន​កើត តើ​ថ្ម​ចម្លែក​នេះ អាច​ជា​ចម្លាក់​កេរ​ដំណែល​ សម្រាប់​រំលឹក​អនុស្សាវរីយ៍​​ឈឺ​ចាប់​បាន​ឬទេ បើ​ទាំង​អ្នក​ស្រុក​ត្បូង​ឃ្មុំ​ ទាំង​ពួក​ស្តេច​ត្រាញ់​ទាំង​អស់​ សុទ្ធ​តែ​​ស្អប់​ពូជ​អរជូន​ និង​ទុំ​​ទាវ​យ៉ាង​នេះ​?​ ព្រោះ​ថា​ធម្មតា​ អ្វី​ដែល​គេ​ស្អប់​ ខ្មែរ​មិន​ចូល​ចិត្ត​ធ្វើ​ដំណែល​តំណាង​ទុក​ទេ​ សូម្បី​តែ​ពេល​និទាន​រឿង​“ទុំទាវ”​ ក៏​គេ​នាំគ្នា​ទៅ​និទាន​ និង​ស្តាប់​នៅ​ឆ្ងាយ​ពី​លំនៅ​ដែរ ដោយ​គេ​ចាត់​ទុក​ថា រឿង​នេះ នាំ​មក​នូវ​ចង្រៃ​អពមង្គល​។​

ប៉ុន្តែ​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ទទួល​ស្គាល់​ថា ការ​និពន្ធ​ដែល​ផ្អែក​លើ​អំណះ​អំណាង​ធម្មជាតិ​ ឬ​ស្ថាបត្យ​កម្ម​បុរាណ​ដ៏​អស្ចារ្យ​ណាមួយ ដែល​មាន​អត្ថិភាព​​រួច​ហើយ ពិត​ជា​មាន​ទំនាញ​មក​លើ​អ្នក​អាន​។ គឺ​ក្នុង​គោល​បំណង​បង្កើត​ទំនាញ​នេះ​ហើយ​ ដែល​នាំ​ឲ្យ​​​អ្នក​និពន្ធ​ខ្លះ​ នៅ​សម័យ​ក្រោយ​មក​ ចូល​ចិត្ត​​ជ្រើស​រើស​រឿង​ដែល​មាន​ប្រភព​ចេញ​ពី​រឿ​ង​ព្រេង​មក​និពន្ធ​វិញ ដើម្បី​ឲ្យ​មាន​អំណះ​អំណាង​ជាក់​ស្តែង​។​

ឧទាហរណ៍​៖

  • រឿង​“ឬទ្ធី​សែន​ និង​នាង​កង្រី​”​ មាន​ភ្នំ​នាង​កង្រី​ នៅ​ខេត្ត​កំពង់​ឆ្នាំង និង​ទន្លេសាប​ជា​សាក្សី។​
  • រឿង​“​នាង​រំសាយ​សក់ ឬ​នាង​សក់​ក្រអូប​” មាន​ភ្នំ​ទ្រុង​មាន់ ទ្រុង​ទា ភ្នំ​រំសាយ​សក់ និង​ភ្នំ​សំពៅ​ ក្នុង​ខេត្ត​បាត់​ដំបង​ ធ្វើ​ជា​អំណះ​អំណាង​។
  • រឿង“ល្បើក​អង្គរ​” កវី​អ្នក​ប៉ាង ក៏​បាន​ធ្វើ​ឲ្យ​អ្នក​អាន​មួយ​ចំនួន​ជឿ​ថា​ ពិត​ជា​មាន​ស្ថាបត្យ​ករ ឈ្មោះ​ពិស្ណុការ​​ ដែល​បាន​រៀន​បច្ចេក​ទេស​​ជំនាង​ពី​ឋាន​សួគ៌​ ចុះ​មក​សាង​សង់​ប្រាសាទ​អង្គរវត្ត​ដែរ​។​

រួម​សេចក្តី​ទៅ​ ការ​ប្រឌិត​រឿង​ទុំ​ទាវ​ តាម​លំនាំ​ការពិត​ខ្លះ បន្ថែម​បន្ថយ​ខ្លះ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ស្ថានភាព​ ទិដ្ឋភាព​ ភូមិ​សាស្រ្ត​ និង​ប្រវត្តិសាស្ត្រ​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​​ការ​លូត​លាស់​ និង​ភាព​រស់​រវើក​នៃ​មនោគតិ​របស់​អ្នក​និពន្ធ​ខ្មែរ​។ ក្នុង​សកល​លោក នៅ​ប្រទេស​ណា​​ក៏​មាន​ទំនោរ​បែប​នេះ​ដែរ​ ដូច​ជា​៖

  • នៅ​ប្រទេស​បារាំង​ មាន​រឿង​ ចម្រៀង ​រ៉ូឡង់​ ដែល​ក្នុង​​នោះ​តួ​អង្គ​សំខាន់​ សុទ្ធ​តែ​ជា​តួ​អង្គ​ប្រវត្តិសាស្ត្រ​ ហើយ​ព្រឹត្តិការណ៍ ​ក៏​ជា​ព្រឹត្តិការណ៍​​​ប្រវត្តិសាស្ត្រ​។​
  • នៅ​វៀត​ណាម កោះ​​រាប់​ពាន់​ក្នុង​ឆក​សមុទ្រ​​ ហាក់​ឡុង សុទ្ធ​តែ​មាន​រឿង​រ៉ាវ​អធិប្បាយ​ពន្យល់​សម​ស្រប​នឹង​សណ្ឋាន​ទ្រង់​ទ្រាយ​​ របស់​កោះ​នីមួយៗ​៕

អត្ថបទ៖ (មិន​ដឹង​ប្រភព)

10 thoughts on “តថភាព និ​ង​ឥទ្ធិពល​​របស់​រឿងទុំ​ទាវ​

  1. នាង​ទាវ ជា​យុវតី​ព្រហើន គ្មាន​​លក្ខណៈ​​សុភាព​រាប​សា​ មិន​លុះ​ដោយ​ដំបូន្មាន​ឪពុក​ម្តាយ មិន​ដើរ​តាម​ប្រពៃ​ណី​របស់​នារី​ខ្មែរ​…

    ចូលចិត្ត

  2. បងខ្ញុំសុំសួរមួយ ក្នុងដំណើររឿងទុំទាវតើមនុស្សគោរពសិទ្ធគ្នាដែរឬយ៉ាងណា?គ្រូខ្ញុំចែកសំណួរជាក្រុមមានបួននាក់ហើយគាត់ឱ្យរកចម្លើយបួនផ្សេងគ្នាដោយមានអំណះអំណាងមកបញ្ចក់ថែមទៀត បងសុំរកចម្លើយឱ្យខ្ញុំផង

    ចូលចិត្ត

បញ្ចេញ​មតិ​